Tuesday, 24 November 2015

៣១- ទង់ជាតិខ្មែរ


1 comment:

  1. *** ទង់ជាតិខ្មែរ ***
    យើងខ្ញុំ ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស តាងនាមនៃគេហដ្ឋាន
    អភិរក្ស មរតកព្រះពុទ្ធសាសនាខ្មែរ សូមជូន នាទី កំណាព្យ ៖
    **** ទង់ជាតិខ្មែរ ៖ បទពាក្យ ៧ ****
    ខៀវ ក្រហម ស លម្អទង់
    អង្គរត្រចង់ខ្ញង់ជាញជ័យ
    បង្ហាញកេរ្តិ៍ឈ្មោះខ្ពស់ប្រពៃ
    រន្ទឺល្បាញល្បីសូរ ខ្ទរ ខ្ទ័រ ។
    ប្រាសាទពណ៌ ស ល្អហួសស្តី
    គឺជាសក្ខីអរិយធម៌
    សិល្បៈ អក្សរ ល្អវប្បធម៌
    ពូជពង្សឈាមជ័រកម្ពុជបុត្រ ។
    ស ល្អ វិសុទ្ធតាងសាសនា
    បង្ហាញមាគ៌ាព្រះសម្ពុទ្ធ
    សមភាព យុត្តិធម៌ល្អបរិសុទ្ធ
    សាមគ្គីមោះមុត វឌ្ឍនភាព ។
    មាគ៌ាសប្បុរសមានមេត្តា
    សាងបុណ្យគ្រប់គ្រាបិទផ្លូវបាប
    ចិត្តល្អផូរផង់ស្អាតសុភាព
    មានសន្តិភាពនិងកិត្តិយស ។
    ក្រហមឈាមថ្លាដូនតាយើង
    មុខងើបទ្រូងពើងចិត្តស្ម័គ្រស្មោះ
    បូជាជីវិតឲ្យជាតិរស់
    ប្រទេសផុតគ្រោះរាស្ត្រសុខដុម។
    លោកថែធនធានមានដីទឹក
    កោះកេរ រ៉ែ ម្រឹគ ប្រាង្គ ព្រៃភ្នំ
    ទន្លេបឹងបួរត្រីកុះកុំ
    ត្រជាក់ត្រជំរដ្ឋកម្ពុជា ។
    ពណ៌ខៀវដំណាងព្រះមហាក្សត្រ
    សោយរាជ្យសម្បត្តិរដ្ឋសីមា
    ដោយទសពិធដប់ប្រការ
    លើកម្ពុជាដីសុវណ្ណ ។
    ទង់តែមួយផ្ទាំងបញ្ចាំងប្រាប់
    ថាដូនតាស្លាប់គ្រប់ជំនាន់
    ការពារមិនឲ្យខ្មាំងជិះជាន់
    ខ្មែរអើយគ្នេរគ្នាន់តាមដូនតា ។
    ខ្មែរពូជតែមួយលើកស្ទួយជាតិ
    កុំឲ្យចោលម្សៀតលក់មនសិការ
    លើ ក្រោម កណ្ដាលសុទ្ធខេមរា
    រួបរួមពួតគ្នារុលសម្រុក ។
    ចងឆ្វាក់ស្រាក់រួមជាបាច់មួយ
    ស្ទុះងើបបោះពួយស្ទួយទៅមុខ
    ពុះពារឧបសគ្គយ៉ាងគគុក
    ថ្ងៃថ្មីជួបសុខថ្កើងថ្កានអើយ ៕
    ដោយ ហ៊ិម ឆាន់
    ខៀវ ក្រហម ស បវរស្រស់
    អស្ចារ្យដូចឈ្មោះអច្ឆរិយៈ
    អង្គរល្អឯកស្រែកបញ្ជាក់
    ក្រាំងមាសអមតៈឆ្លាក់ប្រវត្តិ ។

    កំពូលស្រួចខ្ពស់យសរុងរោចន៍
    គ្មានគូប្រដូចលើលោកា
    ខ្មែរអើយក្រោកឡើងស្រាក់ដៃគ្នា
    ពីភក្សរក្សាការពារកេរ ។

    មានទឹកមានត្រីមានព្រៃមានសត្វ
    ឥឡូវគេកាត់គេកាប់កំទេច
    ខ្មែរអើយងើបឡើងកុំភ្លាំងភ្លឹកភ្លេច
    ត្រូវចាំជានិច្ចថាយើងជាខ្មែរ ។

    កំណាត់មួយផ្ទាំងបញ្ចាំងន័យ
    ដូនតាស៊ូក្ស័យឲ្យជាតិរស់
    ខ្មែរអើយក្រោកឡើងរើរំដោះ
    ខ្មែរអាចផុតគ្រោះព្រោះរួមគ្នា ។

    ខៀវ ក្រហម ស ល្អរោចន៍រុង
    កំពូលស្រួចខ្ញង់លើវេហាស៍
    ខ្មែរអើយក្រោកឡើងរួបរួមគ្នា
    ថែទាំការពារកេរដូនតា ។



    ReplyDelete