Thursday, 5 November 2015

៣១២- ជីវិតខ្លីណាស់


1 comment:

  1. *** ជីវិតខ្លីណាស់ ***
    បទពាក្យ ៨
    ជីវិតខ្លីណាស់ កុំក្រាស់ដោយបាប
    ប្រឹងប្រែងបង្ក្រាប បន្សាបកិលេស
    ដែលរឹតរួតរុំ រួមផ្ដុំចាក់ស្រេះ
    ឲ្យរិលរបេះ រលេះពីប្រាណ ។
    ជីវិតខ្លីពេក គួរចែកគ្នារស់
    ពេលស្លាប់ទ្រព្យអស់ ទោះក្រទោះមាន
    បាតដៃទទេ គ្មានកេរជាប់ប្រាណ
    ច្នេះពេលរស់រាន ធ្វើទានសាងផ្លូវ ។
    ជីវិតខ្លីពិត គួរគិតពិចារណ៍
    បិទផ្លូវចិត្តមារ បើកទ្វារឆ្ពោះទៅ
    ផ្លូវធម៌ផ្លូវព្រះ ផ្លូវឈ្នះសត្រូវ
    ផ្លូវល្អផ្លូវត្រូវ ផ្លូវរស់ផ្លូវស្លាប់ ។
    ជីវិតខ្លីហួស កុំជ្រួសជ្រុលខ្លួន
    ឲ្យខុសសំនួន ខុសក្បួនខុសច្បាប់
    ខុសទិសខុសមាត្រ រវាតរស់-ស្លាប់
    សាងគុណគួរគាប់ ភ្ជាប់ភ័ព្វនិស្ស័យ ។
    ជីវិតខ្លីពេក គួរសង្វេគណាស់
    ខ្លួនកាន់តែចាស់ ប្ដូរផ្លាស់រាល់ថ្ងៃ
    ទុក្ខច្រើនហួសសុខ មច្ចុតថ្លៃ
    ជីវិតសែនខ្លី អ្វីៗមិនទៀង ។
    ដោយ ហ៊ិម ឆាន់

    ជីវិតសែនខ្លី គួរអីសាងបាប
    នាំក្លិនឆ្អេះឆ្អាប ដាំសាបពូជទុក្ខ
    ចែកគ្នារស់ទៅ សាងផ្លូវស្ងប់សុខ
    គ្រាន់ទៅថ្ងៃមុខ សាងទុកឈ្មោះល្អ ។

    ជីវិតសែនខ្លី គប្បីសុចរិត
    កាយវាចាចិត្ត ប្រព្រឹត្តធម៌ស
    មេត្តាស្មោះស្មគ្រ សុឆន្ទៈល្អ
    រស់នៅក្នុងធម៌ ជួយជាតិសាសនា ។

    ជីវិតខ្លីពិត គួរគិតឲ្យច្បាស់
    ខ្លួនកាន់តែចាស់ ប្ដូរផ្លាស់រាល់ថ្ងៃ
    អនិច្ចាមិនទៀង រេផ្អៀងគួរភ័យ
    ច្នេះមុនក្សិណក្ស័យ គួរលៃសាងល្អ !!!

    ជីវិតសែនខ្លី អ្វីៗមិនទៀង
    គួរខំរកស្បៀង ទុកលៀងពេលក្ស័យ
    មានតែបុណ្យទេ តាមថែយប់ថ្ងៃ
    ច្នេះគួរលកលៃ ច្នៃដើរតាមព្រះ ។

    ជីវិតសែនខ្លី មិនទាត់ទៀង
    គួរខំរកស្បៀង លៀងពេលក្ស័យ
    មានតែបុណ្យទេ តាមយប់ថ្ងៃ
    ច្នេះគួរលកលៃ កុំប្រមាទ ។

    ឱ! ជីវិតអើយម្ដេចឡើយខ្លីម៉្លេះ
    ជួនស្លាប់ខាងណេះជួនឮខាងណោះ
    ច្នេះសាងល្អទៅពេលជីវិតរស់
    ចៀសវាងផ្លូវខុសខាត់ដុសកាយចិត្ត !!!

    ReplyDelete