Sunday, 13 July 2014

២១០- រូបថតម៉ែ


1 comment:

  1. រូបថតម៉ែ (បទពាក្យ ៧)
    ….. ដោយ ហ៊ិម ឆាន់ ....
    ឃើញរូបថតម៉ែកូនសង្វេគ
    ហូរហៀរទឹកភ្នែកនឹកអ្នកម្តាយ
    ម៉ែលាចាកលោកទៅសែនឆ្ងាយ
    ស្តាយអើយសែនស្តាយហួសពោលស្តី ។
    ឃើញរូបថតម៉ែកូនសោកា
    នឹកឃើញហត្ថាថ្នាក់ថ្នមបី
    កាលកូននៅតូចទារកខ្ចី
    បបោស បមបី បញ្ចុកបៅ ។
    ឃើញរូបថតម៉ែកូនជ្រះថ្លា
    នឹកឃើញវាចាម៉ែប្រដៅ
    ដឹងខុសត្រូវកែកុំជ្រុលជ្រៅ
    ផ្នែកបាបបិទផ្លូវបើកខាងបុណ្យ ។
    ឃើញរូបថតម៉ែកូនរំឭក
    សតិឈ្វេងនឹកមេត្តាគុណ
    ករុណាមេត្រីខន្តីធន់
    ចិត្តម៉ែស្រទន់ដូចមន្តព្រះ ។
    ឃើញរូបថតម៉ែកូននឹកគុណ
    វិសេសពេកពន់ធ្ងន់ក្រៃក្រាស់
    គុណច្រើនធំធេងវែងហួសវាស់
    កូនក្រាបសំពះគុណបវរ ។
    ឃើញរូបថតម៉ែកូនយល់ថា
    រូបកូននេះណាសំណាងល្អ
    បុណ្យព្រេងរុញប្រាណច្រានបន្ត
    កើតក្រោមម្លប់ធម៌ម៉ែប្រទាន ។
    សូមបុណ្យសន្សំផ្សំតេជះ
    និងបារមីព្រះជាប្រធាន
    ដោះទុក្ខភ័យសោកពីសន្តាន
    សូមម៉ែស្ងប់ក្សាន្តគ្រប់ៗជាតិ ។
    ដោយ ហ៊ិម ឆាន់
    ថ្ងៃទី ៥ កក្កដា ២០១៤

    ReplyDelete