Thursday, 3 December 2015

៣១៧- ផ្លូវកណ្ដាល


1 comment:

  1. ផ្លូវកណ្ដាល
    បទពាក្យ ៨ ធម្មតា
    សប់តឹងផ្ទុះផូង តាងតូងភ្ញាក់ព្រើត
    កង់ធូរតុបតើត បង្កើតបញ្ហា
    បើមិនសម្រួល នឹងជ្រួលខកការណ៍
    ខូចខាតអាសា ចិន្តាចំបែង ។
    ចាប៉ីរឹតតឹង ដាច់ភឹងពេលទាត់
    មិនរឹតរែងភ្លាត់ ភ្លាវបាត់សម្លេង
    ខ្សែធូរយ៉ាកស្ដាប់ ឮស័ព្ទត្រែងៗ
    អស់រសសម្លេង សូរភ្លេងខុសបទ ។
    ស្លៀកខោរឹតតឹង ប្រឹងរឹងក្បាលពោះ
    បើធូរវិញនោះ ខោជ្រុះប្រាកដ
    បើរឹតល្អព្រម ត្រូវល្មមកំណត់
    ត្រូវបែបត្រូវបទ ប្រាកដផុតខ្មាស ។
    ញ៉ាំច្រើនខ្លាញ់កើន ចំរើនក្បាលពោះ
    ញ៉ាំតិចវិញនោះ រងគ្រោះព្រោះខ្វះ
    ញ៉ាំត្រឹមបាត់ឃ្លាន មិនមានវិបល្លាស
    មិនលើសមិនខ្វះ ល្អណាស់ឥតខ្ចោះ ។
    ច្បាប់ក្នុងគ្រួសារ កាលណាតឹងពេក
    កូនចេញបែកខ្ញែក បាក់បែកបាត់អស់
    បើធូរវិន័យ កូនស្រីកូនប្រុស
    ដើរធ្លាក់ផ្លូវខុស រស់អស់ខ្លឹមសារ ។
    រីច្បាប់សង្គម អប់រំមនុស្ស
    តឹងពេកធ្លាយធ្លុះ រើរុះតវ៉ា
    ធូរចាកបន្ទាត់ ពលរដ្ឋខ្ជីខ្ជា
    ស្រុកទេសក្លាយជា អនាធិបតេយ្យ ។
    ធូរសោះកក្រោះ តឹងនោះវាដាច់
    ចង់បានសម្រេច កុំភ្លេចកែច្នៃ
    យកផ្លូវកណ្ដាល ត្រកាលប្រពៃ
    ផ្លូវព្រះជិនស្រី មជ្ឈិមមាគ៌ា ៕
    ដោយ ហ៊ិម ឆាន់

    រលាកពិតណាស់បើប៉ះក្ដៅខ្លាំង
    ត្រជាក់ក្រៀមគាំងកករឹងក្រើមស្វិត
    ឧណ្ហៗប្រើងាយស្រួលកាយស្រួលចិត្ត
    នេះហើយរឿងពិតគួរគិតឲ្យច្បាស់ ។
    មិនតឹងមិនធូរមិនលើមិនក្រោម
    លៃឲ្យសមល្មមមិនលើសមិនខ្វះ
    មិនពេញហូរហៀមិនផតកន្លះ
    ប្រសើរពេកណាស់ហៅផ្លូវកណ្ដាល ។

    តឹងពេកដាច់ប៉ាត់ធូរពេកសាបភ្លាវ
    ច្នេះត្រូវតែរាវរកផ្លូវបវរ
    គឺផ្លូវកណ្ដាលត្រកាលតាមធម៌
    ផ្លូវស ផ្លូវល្អ ផ្លូវសន្តិភាព ។

    ផ្លូវកណ្ដាលនោះតើនៅត្រង់ណា?
    គឺផ្លូវប្រជាធិបតេយ្យបវរ
    ផ្លូវព្រះឈ្នះមារគឺផ្លូវព្រះធម៌
    ផ្លូវនាំបន្តឃើញវឌ្ឍនភាព !!!
    ប្រសាសន៍លោកពូគម្រូត្រឹមត្រូវ
    ដើរល្អខ្សែផ្លូុវគឺនៅកណ្តាល
    ព្រះពុទ្ធលោកចារសាសនាត្រកាល
    កុំខ្លាំងកុំស្រាលបណ្តាលទៅល្អ . ផ្កាយនិស្ស័យ

    ReplyDelete