Thursday, 17 September 2015

២៩៨ - សីលស្រោបចិត្ត ស្ថិតក្នុងធម៌


1 comment:

  1. សីលស្រោបចិត្ត ស្ថិតក្នុងធម៌
    សំពត់ស ល្អសមរម្យ រុំក្រៅកាយ
    ចិត្តរាយមាយ ឆ្ងាយក្ដីស្ងប់ ខ្ចប់ដោយសីល
    បដិបត្តិ ហាត់តាមព្រះ ជ្រះមន្ទិល
    វដ្ដៈវិល រិលកាំបាក់ ស្លាក់កើតស្លាប់ ។
    សីលរុំចិត្ត បិទលោភៈ ខ្ជាក់ទោសៈ
    លាងមោហៈ ចាក់ចោលបាប សាបគុណគាប់
    ផុតវង្វែង ឈ្វេងយល់ដឹង ប្រឹងឈោងចាប់
    រស់ហាត់ស្លាប់ ងាប់មកដល់ យល់ធម្មា ។
    ឱហាតប្រឹង ពឹងខ្លួនឯង ស្វែងរូតរះ
    មិនពឹងព្រះ បម្រះស៊ូ ប្ដូរប្ដេជ្ញា
    សម្រុកត្បុល រុលឱហាត សង្វាតក្លា
    កើនបញ្ញា ឆ្ការចំណង ឆ្លងវដ្ដៈ ។
    ស្ងៀមស្ងាត់ស្ងប់ អប់រំចិត្ត ស្ថិតក្នុងធម៌
    ស្ម័គ្រស្មោះស ប្រតិបត្តិ កាត់មោហៈ
    អស់អញឯង ស្វែងគំហើញ ឃើញសច្ចៈ
    ធម៌បញ្ជាក់ ម្នាក់ៗជួប រូបគួបនាម ៕
    ដោយ ឧបាសក ហ៊ិម ឆាន់

    តាំងចិត្តមាំ ទ្រំាអំណត់ ពត់ លត់ដំ
    ប្រឹងខិតខំ ផ្សំកាយចិត្ត ស្ថិតក្នុងធម៌
    រឿងលោកិយ វ៉ៃខ្ទេចម៉ត់ អត់ញាប់ញ័រ
    លាងលំអ សចិត្តកាយ ឆ្ងាយមន្ទិល ។

    អង្គុយពែន ភ្នែនក្រពុំ ផ្គុំដូចផ្កា
    ចិត្តជ្រះថ្លា ប្រាថ្នាដើរ ធ្វើតាមព្រះ
    រាគកិលេស ឆ្អេះឆ្អាបឆ្អើម ផ្ដើមខំលះ
    យូរទៅឈ្នះ ជ្រះអញឯង ស្វែងឃើញត្រើយ ។

    ខំសាងស្ពាន ឈានឆ្លងភព លុបបាបកម្ម
    យកសីលប្រាំ ដាំបណ្ដុះ ផុសភាវនា
    លាងទោសៈ ខ្ជាក់លោភោ មោហន្ធការ
    កើតបញ្ញា ឆ្ការផ្លូវត្រូវ ទៅរកស្ងប់ ។

    តស៊ូរៀន ប្រៀនប្រឹងប្រែង ស្វែងស្វាត់ស្វះ
    ខិតខំលះ ឈ្នះលោភៈ ខ្ជាក់ទោសៈ
    កើតបញ្ញា ឆ្ការចំណង់ ចង់ឱ្យបាក់
    ខះជំពាក់ ទាក់បានសុខ ទុក្ខរត់ឆ្ងាយ ។

    បទជាប់ទង
    សុំប្រលេះ ខ្វេះបេះដូង ទ្រូងរៀមរ៉ា
    យកមកឆា ណាឆោមឆ្លៅ ក្តៅគ្រាន់ឆី
    បងទៅចុះ ប្រុសចិត្តខ្មៅ ក្តៅអប្រិយ
    អស្ចារ្យអី ឆីបេះដូង បងឆ្ងាញ់ជាង។ ចំប៉ីសទេស

    ✴បើដួងចិត្ត ពិតជាស្ម័គ្រ ជាក់ជាស្មោះ
    អូនសន្តោស ប្រោសប្រណី ច្នៃបង្វៀង
    មិនឆាក្តៅ ពៅពន្លក យកពង្រាង
    ថែព្រឹត្តិព្រាង វាងពីឆា ផ្ងារមកអាំង។

    ប្រឹងអត់ធ្មត់ លត់ដំរៀន ប្រៀនកាយចិត្ត
    ប្រឹងប្រព្រឹត្ត ស្ថិតតាំងមាំ ទ្រាំបំរះ
    កើតបញ្ញា ឆ្ការលោភៈ ធ្លាក់ទោសៈ
    កាច់បំបាក់ ចក្រសង្សារ មារចុះចាញ់ ។

    ReplyDelete