Sunday, 4 January 2015

២៤៨-ស្រណោះរូមកាយ


1 comment:

  1. ***ស្រណោះរូបកាយ***
    ស្រណោះកាយគាប់ធ្លាប់តែស្អាតស្រស់
    អ្វីៗប្ដូរអស់នៅពេលដែលស្លាប់
    ស្លក់ស្លែតស្លេកស្លាំងខ្លាំងជាំស្រអាប់
    សោះសូន្យអភ័ព្វអាសូរកាយណាស់ ។
    ស្រពោះរូបកាយក្លាយជាឥតន័យ
    ដាច់ខ្យល់ថ្មីៗអ្វីៗប្ដូរផ្លាស់
    គេដុតបូជាគួរអាណោចណាស់
    មិនថាក្មេងចាស់សង្វេគម្លេះទេ! ។
    ស្រណោះពេលក្ស័យយកអ្វីមិនបាន
    ទ្រព្យយសធនធានក្លាយជាផងគេ
    កើតក្ដាប់ស្លាប់លាបាតដៃទទេ
    មាសប្រាក់ទ្រព្យកេររត់រកម្ចាស់ថ្មី ។
    ស្រណោះរូបកាយក្លាយទៅធាតុដើម
    ធាតុរឹងនឹងសើមអាបោ បឋវី
    វាយោតេជោបែកគ្នាទីទៃ
    យោនកំណើតថ្មីតាមកម្មចែងចាត់ ។
    គេយំអាណិតសោកស្ដាយស្រណោះ
    តែមួយភ្លែតសោះគេភ្លេចទៅបាត់
    អ្នកដែលសាងល្អឈ្មោះចារប្រវត្តិ
    កាយរលាយបាត់កេរ្តិ៍ឈ្មោះគង់នៅ ។
    ទឹកដីភ្លើងខ្យល់សំណល់បញ្ចក្ខន្ធ
    លះការប្រកាន់ជម្រះហ្មងសៅ
    រៀនរស់ហាត់ស្លាប់ឆាប់ពីឥឡូវ
    ស្វះស្វែងរកផ្លូវទាន់នៅក្មេងវ័យ ។
    ជីវិតខ្លីណាស់កុំក្រាស់ដោយបាប
    ប្រឹងប្រែងបង្គ្រាបកិលេសអប្រីយ៍
    ដើរតាមមាគ៌ាព្រះបរមជិនស្រី
    ទើបរស់មានន័យមិនសូនទទេ ៕
    ដោយឧបាសក ហ៊ិម ឆាន់

    ពេលស្លាប់គេខ្លាចគេឆ្អើមរអា
    គួរអនិច្ចាម្លេះទេរូបកាយ
    គួរសង្វេគណាស់ហួសនឹងបរិយាយ
    កុំជោរនឹងកាយពេលដែលនៅរស់ ។

    កុំប្រកាន់ខឹងកុំប្រឹងហួងហែង
    វិវាទទាស់ទែងកុំបង្កឈ្លោះ
    កាន់មេត្តាធម៌មានចិត្តសប្បុរស
    កាយរលាយអស់ឈ្មោះល្អគង់នៅ ។

    ReplyDelete